ឆ្លងចូលឆ្នាំ២០១៧ទៅហើយ តែតំណាងរាស្ត្រ និងសកម្មជន របស់បក្សសង្គ្រោះជាតិទាំង ១៥នាក់ និងមន្ត្រីសង្គមស៊ីវិល ផ្សេងទៀត មិនទាន់ត្រូវបានដោះលែង ដូចសន្យាឆ្នាំមុននោះទេ ទើបបក្សសង្គ្រោះជាតិ នៅថ្ងៃពុធនេះ វាយតម្លៃថា បក្សកាន់អំណាចគ្មានឆន្ទៈដោះស្រាយបញ្ហានយោបាយនៅកម្ពុជា។ តែបក្សប្រជាជនកម្ពុជា តបថា នោះមិនមែនជាការសន្យាទេ ព្រោះថ្នាក់ដឹកនាំបក្សកាន់អំណាច ប្រាប់ហើយថា «អាច» នឹងមានការដោះលែង ប៉ុណ្ណោះ !ក្រោយជំនួបបិទទ្វារ នៅរដ្ឋសភា រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដើម្បីឈានទៅរកដំណោះស្រាយនយោបាយនៅកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែត ថា លោកមេឃុំ ស៊ាង ចែត អាចនឹងត្រូវដោះលែងនៅថ្ងៃនោះ ចំណែកមន្ត្រីសង្គមស៊ីវិលមួយចំនួន ព្រមទាំងមន្ត្រីគ.ជ.ប ដែលកំពុងជាប់ឃុំអាចនឹងមានការដោះលែងនៅដំណាច់ខែធ្នូ ឆ្នាំ២០១។ប្រភព៖RFI