មន្ត្រីគណបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យ ព្រួយបារម្ភពីការបាត់បង់សិទ្ធិរបស់ប្រជាពលរដ្ឋដែលទៅធ្វើការនៅប្រទេសថៃ។ មន្ត្រីដដែលសង្កេតឃើញថា ពលរដ្ឋនៅក្នុងខេត្តនេះដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ មិនបានមកមើលឈ្មោះបោះឆ្នោតដើម្បីកែតម្រូវឲ្យបានទាន់ពេលកំណត់ ប្រសិនបើឈ្មោះពួកគេមានកំហុសណាមួយឡើយ។ ក្ដីបារម្ភនេះ បន្ទាប់ពីរកឃើញឈ្មោះពលរដ្ឋជាច្រើននៅក្នុងបញ្ជីបោះឆ្នោតដែល គ.ជ.ប បិទប្រកាសនៅតាមឃុំ-សង្កាត់នៅក្នុងខេត្តនេះមានកំហុសអក្ខរាវិរុទ្ធ។ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ លោក កែ សម្ផស្ស ឲ្យដឹងនៅថ្ងៃទី១២ មករា ថា ក្រុមការងាររបស់លោកបានចុះទៅតាមមូលដ្ឋាន ហើយពិនិត្យឃើញថា ឈ្មោះរបស់ប្រជាពលរដ្ឋដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទប្រកាសនៅតាមឃុំ-សង្កាត់នោះមានសរសេរខុសអក្ខរាវិរុទ្ធរាប់រយនាក់។ លោកអះអាងថា ប្រជាពលរដ្ឋហាក់មិនខ្វល់ទៅពិនិត្យមើលឈ្មោះរបស់ពួកគាត់ ដែលបានបិទនៅតាមឃុំ-សង្កាត់នោះទេ ជាពិសេសពលករដែលទៅធ្វើការនៅប្រទេសថៃ៖ «ប៉ុន្តែការខុសនោះដូចជាខុសស្រះ ដែលស្រះ ិ ទៅជាស្រះ ី ហើយស្រះ ុ ទៅជាស្រះ ូ ជាដើម ក្រៅពីនោះក៏មានខុសថ្ងៃខែឆ្នាំកំណើតខ្លះដែរ»។
ប្រភព៖RFAhttp://www.rfa.org/khmer/news/politics/wrong-names-in-voter-list-01122017061424.html