- - - - - - - - - - - - - - - - -
អាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនកាលពីម្សិលមិញ បានជំរុញឲ្យប្រជាពលរដ្ឋដែលរស់នៅអគារប៊ុលឌិងសបោះឆ្នោតជូនគណបក្សប្រជាជន ទើបអាចមានដំណោះស្រាយឆាប់រហ័សក្នុងការអភិវឌ្ឍអគារប៊ុលឌិង ដែលរដ្ឋាភិបាលគ្រោងធ្វើការអភិវឌ្ឍជាមួយក្រុមហ៊ុនជប៉ុន ខណៈដែលលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនឹងជួបពិភាក្សាជាមួយអ្នកភូមិពីបញ្ហានេះនៅថ្ងៃសុក្រនេះ។ អាជ្ញាធរមូលដ្ឋានបានរៀបចំវេទិកាភូមិ ឃុំមានសុវត្ថិភាពហើយក្នុងវេទិកានេះអាជ្ញាធរមូលដ្ឋានបានជំរុញឲ្យភូមិបោះឆ្នោតជូនគណបក្សប្រជាជនដោយលើកឡើងថាមានតែគណបក្សប្រជាជនប៉ុណ្ណោះ ទើបអាចរកដំណោះស្រាយជូនអ្នករស់នៅក្នុងអគារប៊ុលឌិងសនេះបានឆាប់រហ័ស។មន្រ្តីមូលដ្ឋាននិយាយទៅកាន់អ្នកភូមិប៊ុលឌិងថា ដំណោះស្រាយចំពោះអគារប៊ុលឌិងសគឺ ស្មុគស្មាញ និងលំបាកដែលមានតែគណបក្សប្រជាជន និង លោក ជា សុផារ៉ា ប៉ុណ្ណោះទើបអាចជួយរកដំណោះស្រាយធ្វើការអភិវឌ្ឍតំបន់នេះបាន។ «ដូច្នេះសូមបងប្អូនជួយបោះឆ្នោតជូនគណបក្សប្រជាជន»។អ្នកភូមិម្នាក់ឈ្មោះ កុល សុវ៉ាន់ អាយុ ៦២ ឆ្នាំបានឲ្យដឹងថាមន្រ្តីអាជ្ញាធរមូលដ្ឋានពិតជាបានជំរុញឲ្យអ្នកភូមិបោះឆ្នោតជូនគណបក្សប្រជាជនមែនដើម្បីទទួលបានដំណោះស្រាយបានលឿន។
- - - - - - - - - - - - - - - - -
ប្រភព៖ភ្នំពេញប៉ុស្ដិ៍