- - - - - - - - - - - - - - - - -
(ភ្នំពេញ)៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះថា ក្រសួងមហាផ្ទៃ កំពុងរង់ចាំរបាយការណ៍ និងឯកសារច្បាប់ពីពន្ធនាគារជាមុនសិន មុននឹងសម្រេចថាតើត្រូវមានចំណាត់ការចំពោះ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ឬយ៉ាងណាទៀត។ ខណៈមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា របាយការណ៍និងឯកសារច្បាប់ទាំងនោះ នឹងត្រូវបញ្ជូនដល់ក្រសួងមហាផ្ទៃ យ៉ាងយូរនៅវេលាម៉ោង៣៖០០រសៀល ថ្ងៃទី២០ ខែមេសា។ការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ នៅមុននេះថា លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី អនុប្រធានវិទ្យុអាស៊ីសេរីនៅកម្ពុជា បានសរសេរឈ្មោះរបស់ខ្លួនបន្លំសមត្ថកិច្ចពន្ធនាគារ ពីឈ្មោះផ្លូវការរបស់លោកទៅជាឈ្មោះ ហួត រុទ្ធិ ទើបធ្វើឱ្យឆ្មាំពន្ធនាគារមានការភាន់ច្រឡំ អនុញ្ញាតឱ្យ លោកចូលពន្ធនាគារ។
- - - - - - - - - - - - - - - - -
ប្រភព៖ ព័ត៌មាន Fresh News